កម្រងសំណួរ-ចម្លើយ ត្រៀមប្រឡងបញ្ចប់វិជ្ជាជីវៈនគរបាលជាតិ

ឯកសារប្រមូលផ្តុំសំណួរ-ចម្លើយលម្អិត បូកបញ្ចូលខ្លឹមសារពេញលេញតាមជំពូក និងផ្នែកនីមួយៗ

📊 ស្ថានភាពចងចាំ (Cache 7 ថ្ងៃ)៖ ចេះ 0 / 0
១- មេរៀនការគ្រប់គ្រងនិងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៣ សំណួរ
សំណួរ ១
ហេតុអ្វីបានជាគេចាត់ទុកថា កងកម្លាំងនគរបាលជាកម្លាំងស្នួល?
កងកម្លាំងនគរបាលត្រូវបានចាត់ទុកជាកម្លាំងស្នូល ដោយសារ៖
  • តួនាទីភារកិច្ចរបស់នគរបាល គឺការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម
  • កងកម្លាំងនគរបាលជាអង្គការមានរចនាសម្ព័ន្ធរៀបចំតាំងពីថ្នាក់កណ្តាលមកថ្នាក់មូលដ្ឋាន
  • ជាកម្លាំងដែលមានបទពិសោធន៍ក្នុងការបង្ការទប់ស្កាត់បទល្មើស
  • ត្រូវបានបំពាក់នូវមធ្យោបាយ ឧបករណ៍ សម្ភារគ្រប់ប្រភេទ
  • ត្រូវបានបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈផ្សេងៗ
សំណួរ ២
ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រជាពលរដ្ឋជាកម្លាំងមិនអាចខ្វះបាន? ចូរបញ្ជាក់?
ប្រជាពលរដ្ឋជាកម្លាំងមិនអាចខ្វះបាន ព្រោះ៖
  • វត្តមាន៖ មានវត្តមានច្រើនកុះករ គ្រប់ទីកន្លែង គ្រប់ពេលវេលា
  • សហការ៖ ចូលរួមសហការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស (បទល្មើសជាក់ស្តែង, ធ្វើជាសាក្សី, ដើមបណ្តឹង)
  • ប្តឹង៖ ចូលរួមប្តឹងពីភាពអសកម្មនៅក្នុងមូលដ្ឋាន
  • អប់រំ៖ ចូលរួមនៅក្នុងសកម្មភាពអប់រំកូនចៅឱ្យគោរពច្បាប់
  • បង្កើតផល៖ ចូលរួមបង្កបង្កើតផលលើកស្ទួយជីវភាពរស់នៅ នាំឱ្យកាត់បន្ថយបទល្មើស
  • ប្រជាការពារ៖ ចូលរួមក្នុងចលនាប្រជាការពារ ស្វ័យការពារ និងសន្តិសុខឯកជន
សំណួរ ៣
ចូរបញ្ជាក់អំពីខ្លឹមសារវិធានការមហាជននិងវិធានការជំនាញនគរបាលដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម?
  • ១. វិធានការមហាជន៖ គឺជាការអប់រំ ផ្សព្វផ្សាយច្បាប់ បំផុសស្មារតី និងកៀរគរប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមជាមួយសមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងរាយការណ៍បទល្មើស រួមទាំងការអនុវត្តចលនាភូមិ-ឃុំមានសុវត្ថិភាព។
  • ២. វិធានការជំនាញនគរបាល៖ គឺជាការប្រើប្រាស់កម្លាំងជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ នីតិវិធីច្បាប់ ការក្តាប់ស៊ើបការណ៍ ស៊ើបអង្កេត ស្រាវជ្រាវ តាមដានមុខសញ្ញា និងការបើកប្រតិបត្តិការបង្ក្រាបបទល្មើសតាមក្របខ័ណ្ឌច្បាប់។
២- មេរៀនការកសាងសំណុំរឿងបឋម ៣ សំណួរ
សំណួរ ៤
ចូរវិភាគអំពីចំណុចខ្វះខាតនៃការកសាងសំណុំរឿងព្រហ្មទណ្ឌ?
ចំណុចខ្វះខាតជាញឹកញាប់ក្នុងការកសាងសំណុំរឿងព្រហ្មទណ្ឌរួមមាន៖
  • ការប្រមូលភស្តុតាងមិនគ្រប់គ្រាន់ ឬខុសនីតិវិធី៖ មិនបានការពារទីកន្លែងកើតហេតុឱ្យបានល្អ ធ្វើឱ្យខូចខាត ឬបាត់បង់ស្លាកស្នាម វត្ថុតាង ឬការរឹបអូសវត្ថុតាងខុសនីតិវិធីច្បាប់ដែលនាំឱ្យបាត់បង់តម្លៃគតិយុត្តិ។
  • ការកត់ត្រាកំណត់ហេតុមានកំហុសឆ្គង៖ សរសេរមិនច្បាស់លាស់ មិនស៊ីសង្វាក់គ្នារវាងចម្លើយជនសង្ស័យ សាក្សី និងជនរងគ្រោះ ខ្វះហត្ថលេខា ឬស្នាមមេដៃ។
  • ការយឺតយ៉ាវក្នុងការបញ្ជូនសំណុំរឿង៖ ការឃាត់ខ្លួនជនសង្ស័យហួសថេរវេលាកំណត់ដោយច្បាប់ (៤៨ ម៉ោង ឬការសុំពន្យារពេលមិនទាន់ពេលវេលា) ដែលរំលោភលើក្រមនីតិវិធីព្រហ្មទណ្ឌ។
  • ការកំណត់បទល្មើសមិនត្រឹមត្រូវ៖ ចោទប្រកាន់ខុសអង្គហេតុ ឬខុសមាត្រាច្បាប់។
សំណួរ ៥
ចូរធ្វើការប្រៀបធៀបរវាងកំណត់ហេតុ និងរបាយការណ៍(ពាក់ព័ន្ឋរឿងព្រហ្មទណ្ឌ)
ភាពខុសគ្នានៃកំណត់ហេតុ និងរបាយការណ៍ ៖
លក្ខណៈវិនិច្ឆ័យ កំណត់ហេតុ របាយការណ៍
គោលបំណង / និយមន័យ ជាការរៀបរាប់កិច្ចមួយឬច្រើនក្នុងក្របខ័ណ្ឌបេសកកម្មនគរបាលយុត្តិធម៌។ កំណត់ហេតុមិនមែនសម្រាប់ប្រកាស ពន្យល់ទេតែសម្រាប់ការពិពណ៌នា។ ជម្រាបអង្គហេតុមួយដល់អាជ្ញាធរមួយ (ឋានានុក្រមថ្នាក់លើ មន្ត្រីនគរបាលយុត្តិធម៌ ឬចៅក្រម)។
កាល / កាលបរិច្ឆេទ ត្រូវសរសេរក្នុងបច្ចុប្បន្នកាល និងចុះកាលបរិច្ឆេទ ហត្ថលេខា ម៉ោងជាក់លាក់នៃការចាប់ផ្តើម និងបញ្ចប់ទៅតាមករណី។ ត្រូវបានសរសេរក្នុងអតីតកាល ចុះកាលបរិច្ឆេទ និងហត្ថលេខា។
អ្នកសរសេរ / ខ្លឹមសារ ជានិច្ចដែលសរសេរតែជនម្នាក់ ដែលមានចុះឋានៈនៅខាងដើម។ ក្នុងកំណត់ហេតុមានរាយនាម និងហត្ថលេខាជំនួយការ។ អាចត្រូវបានប្រើប្រាស់ដោយអ្នកមានឋានន្តរសក្តិ និងសមត្ថកិច្ចណាក៏បាន។ របាយការណ៍ត្រូវបានជានិច្ចនូវការរលឹកអំពីរឿងហេតុ និងការសន្និដ្ឋាន ដែលអាចជាសម្មតិកម្ម។
ទម្រង់ / លក្ខណៈវិនិច្ឆ័យ ត្រូវតែសត្យានុម័ត និងគ្មានភាពមន្ទិល (វិធានដោយឡែក ក្នុងករណីមានកំហុសពេលសរសេរ) កំណត់ហេតុត្រូវតែពិពណ៌នាដោយគ្មានការបកស្រាយ។ ទោះជាត្រូវសរសេរក្នុងក្របខណ្ឌស៊ើបអង្កេត ក៏របាយការណ៍មិនស្ថិតក្រោមទម្រង់ការតឹងរ៉ឹងដូចកំណត់ហេតុឡើយ។
សំណួរ ៦
ចូរវិភាគអំពីចំណុចដែលត្រូវយកចិត្តទុកដាក់មួយចំនួនក្នុងការកសាងសំណុំរឿងព្រហ្មទណ្ឌ?
ចំណុចគន្លឹះដែលត្រូវយកចិត្តទុកដាក់ក្នុងការកសាងសំណុំរឿងព្រហ្មទណ្ឌរួមមាន៖
  • ១. គោរពនីតិវិធីច្បាប់ និងក្រមនីតិវិធីព្រហ្មទណ្ឌឱ្យបានម៉ឺងម៉ាត់៖ ពិសេសការជូនដំណឹងអំពីសិទ្ធិដល់ជនសង្ស័យ សិទ្ធិមានមេធាវី ការគោរពថេរវេលាឃាត់ខ្លួន។
  • ២. រក្សា និងការពារវត្ថុតាង៖ វេចខ្ចប់ ចុះបញ្ជី និងរក្សាទុកវត្ថុតាងឱ្យបានត្រឹមត្រូវ មិនឱ្យបាត់បង់ ឬផ្លាស់ប្តូររូបរាង។
  • ៣. ធានាភាពច្បាស់លាស់ សច្ចធម៌ និងតម្លាភាព៖ រាល់កំណត់ហេតុស្តាប់ចម្លើយ ពិនិត្យទីកន្លែងកើតហេតុ ត្រូវកត់ត្រាត្រឹមត្រូវតាមការពិត មិនបង្ខិតបង្ខំ ឬប្រើទារុណកម្ម។
  • ៤. ភាពពេញលេញនៃឯកសារសំណុំរឿង៖ ត្រូវផ្ទៀងផ្ទាត់ឯកសារអត្តសញ្ញាណ របាយការណ៍កោសល្យវិច័យ និងកំណត់ហេតុពាក់ព័ន្ធទាំងអស់ឱ្យបានគ្រប់គ្រាន់មុនបញ្ជូនទៅអយ្យការ។
៣- មេរៀនការងារការពារកន្លែងកើតហេតុ ៣ សំណួរ
សំណួរ ៧
ចូរបញ្ជាក់អំពីកត្តាដែលធ្វើឱ្យកន្លែងកើតហេតុបាត់បង់សភាពដើម?
មូលហេតុដែលនាំឱ្យកន្លែងកើតហេតុខូចខាត បាត់បង់ រួមមាន៖
  • ១. ដោយសារមនុស្ស ៖
    • មានចេតនា៖ ការបំផ្លាញ បន្លំ ឬលុបបំបាត់ភស្តុតាងរបស់ជនល្មើស។
    • អចេតនា៖ ការចង់ដឹង ចង់ឃើញ ភ័យខ្លាច ការរៀបចំទុកដាក់ ឬការដើរជាន់ជាដើម។
    • សំណូមពរសត្យានុម័ត៖ សកម្មភាពជួយសង្គ្រោះអាយុជីវិតមនុស្ស ឬជួយសង្គ្រោះទ្រព្យសម្បត្តិ។
  • ២. ដោយសារសត្វ ៖ សត្វខាំ កកេរ ស៊ី ឬរត់ជាន់លើស្លាកស្នាម និងវត្ថុតាង។
  • ៣. ដោយសារធម្មជាតិបង្កឡើង ៖ កត្តាអាកាសធាតុ ដូចជា ភ្លៀង ខ្យល់ កម្ដៅថ្ងៃ ។ល។
សំណួរ ៨
ចូរពន្យល់អំពីកន្លែងកើតហេតុព្រហ្មទណ្ឌ?
កន្លែងកើតហេតុ គឺជាកន្លែងដែលកើតឡើងនូវរឿងហេតុ ហើយនៅទីនោះមានបន្សល់ទុកនូវរាល់វត្ថុ ស្លាកស្នាម និងតម្រុយនៃភស្តុតាងមានចរិតព្រហ្មទណ្ឌ ដែលនគរបាលយុត្តិធម៌ ចាំបាច់ត្រូវធ្វើការស៊ើបអង្កេត ស្រាវជ្រាវវិភាគ ដើម្បីបញ្ជាក់ការពិតឱ្យបានច្បាស់លាស់។
សំណួរ ៩
មុនពេលចុះទៅកន្លែងកើតហេតុ មន្ត្រីនគរបាលត្រូវរៀបចំសម្ភារៈអ្វីខ្លះ?ចូររៀបរាប់?
មុនពេលចុះទៅកន្លែងកើតហេតុ មន្ត្រីនគរបាលត្រូវរៀបចំសម្ភារៈសំខាន់ៗរួមមាន៖
  • ខ្សែរនាំងការពារ៖ សម្រាប់ពទ្ធ័ការពារទីតាំងកើតហេតុ។
  • ស្រោមដៃ និងម៉ាស់៖ ការពារសុវត្ថិភាព និងមិនឱ្យខូចខាតស្លាកស្នាម/វត្ថុតាង។
  • សៀវភៅកត់ត្រា និងប៊ិច៖ សម្រាប់កត់ត្រាព័ត៌មាន និងអង្គហេតុ។
  • ម៉ែត្រវាស់វែង៖ សម្រាប់វាស់ប្រវែង និងចម្ងាយទីតាំងវត្ថុតាង។
  • ម៉ាស៊ីនថតរូប និងពិល៖ សម្រាប់ថតរូបទុកជាភស្តុតាង និងបំភ្លឺទីតាំង។
  • ផ្លាកលេខ និងថង់/ប្រអប់៖ សម្រាប់ដាក់សម្គាល់ និងច្រកវេចខ្ចប់វត្ថុតាង។
  • វិទ្យុទាក់ទង និងអាវុធ/ខ្នោះ៖ សម្រាប់ទំនាក់ទំនង និងការពារខ្លួន។
៤- មេរៀនការងារដំណឹងនគរបាលជាតិ ៣ សំណួរ
សំណួរ ១០
តើយើងត្រូវពិចារណាអំពីអ្វីខ្លះដើម្បីឱ្យដំណឹងមួយមានលក្ខណៈគ្រប់គ្រាន់? ចូរពន្យល់?
ដើម្បីឱ្យដំណឹងមួយមានលក្ខណៈគ្រប់គ្រាន់ យើងត្រូវវិនិច្ឆ័យវាយតម្លៃដំណឹង ដោយផ្អែកលើមូលដ្ឋានសំខាន់ៗដូចខាងក្រោម៖
  • ១. ប្រភព៖ ពិចារណាថាតើទទួលបានដោយបើកចំហរ ឬដោយសម្ងាត់។
  • ២. ពេលវេលាទទួលបានដំណឹង៖ គឺនៅម៉ោង ថ្ងៃ ខែ ឆ្នាំ ណាជាក់លាក់។
  • ៣. ប្រភេទនៃដំណឹង៖
    • ក. ដំណឹងរាយ៖ ជាដំណឹងដែលមានខ្លឹមសារឆ្លុះបញ្ចាំងបានតែមួយផ្នែកចំពោះមនុស្សម្នាក់ វត្ថុ រឿងហេតុ ឬសកម្មភាពតែមួយប៉ុណ្ណោះ។
    • ខ. ដំណឹងសំយោគ៖ ជាដំណឹងដែលប្រមូលបានច្រើនប្រភព ដើម្បីយកមកវាយតម្លៃឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយតាមលក្ខណៈវិទ្យាសាស្ត្រ។
    • គ. ដំណឹងក្លែងក្លាយ៖ ជាប្រភេទដំណឹងដែលត្រូវបានប្រឌិតឡើងដោយចេតនា ដើម្បីបំភាន់ដល់អ្នកទទួលដំណឹង ឬសមត្ថកិច្ច។
    • ឃ. ដំណឹងខុស៖ ជាដំណឹងដែលមិនត្រឹមត្រូវ កើតឡើងដោយអចេតនា គ្មានចេតនាបំភាន់ឡើយ។
  • ៤. វិធីសាស្ត្រនៃការប្រមូល៖ ទទួលដោយផ្ទាល់ ឬតាមរយៈទូរស័ព្ទ ឬតាមសំបុត្រអនាមិក។ល។
  • ៥. ខ្លឹមសារ៖ តើពាក់ព័ន្ធនឹងមនុស្ស វត្ថុ រឿងហេតុ ឬសកម្មភាពជាក់ស្តែងណាមួយ។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅការងារដំណឹងរបស់នគរបាល ទំព័រទី ១
សំណួរ ១១
រាល់ដំណឹងដែលមន្ត្រីនគរបាលមានសមត្ថកិច្ចប្រមូលបានតើត្រូវរៀបចំយ៉ាងម៉េច?ចូរបកស្រាយ?
រាល់ដំណឹងដែលមន្ត្រីមានសមត្ថកិច្ចប្រមូលបាន ត្រូវរៀបចំជា ៤ ដំណាក់កាលគឺ ប្រមែប្រមូល វិនិច្ឆ័យ បញ្ជូន និងថែរក្សាដំណឹង ដូចខាងក្រោម៖
  • ១. ដំណាក់កាលប្រមែប្រមូលដំណឹង៖ គឺជាដំណាក់កាលប្រមូលដំណឹងទាំងឡាយដែលចាំបាច់ និងមានសារសំខាន់ ដើម្បីចងក្រងទុកជាសំណុំឯកសារ ឬរបាយការណ៍ ឬជាសំណុំរឿងអ្វីមួយ សម្រាប់បម្រើការងារចំពោះមុខ និងយូរអង្វែងរបស់អង្គភាពនគរបាល។
  • ២. ដំណាក់កាលវិនិច្ឆ័យដំណឹង៖ គឺជាការធ្វើសំយោគដំណឹងដែលប្រមូលបាន ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយតាមលក្ខណៈវិទ្យាសាស្ត្រ។ ដើម្បីវិនិច្ឆ័យដំណឹងត្រូវ៖
    • ធ្វើការប្រមូលផ្តុំគ្រប់បណ្តាដំណឹងដែលពាក់ព័ន្ធដល់រឿងហេតុ ដោយមិនមើលស្រាលចំពោះដំណឹងណាមួយឡើយ។
    • ធ្វើការពិចារណាល្អិតល្អន់តាមលំដាប់លំដោយនៃខ្លឹមសារ។
    • ធ្វើការប្រជុំពិគ្រោះយោបល់ រួចធ្វើការសន្និដ្ឋានវាយតម្លៃខ្លឹមសារទាំងនោះ។
  • ៣. ដំណាក់កាលបញ្ជូនដំណឹង៖ គឺជាការផ្តល់ដំណឹងទៅឱ្យផ្នែកពាក់ព័ន្ធដែលមានតួនាទីភារកិច្ចទទួលខុសត្រូវ និងដោះស្រាយដំណឹងនោះ។ ក្នុងការបញ្ជូនត្រូវ៖
    • រាយការណ៍ និងសុំយោបល់ពីប្រធានអង្គភាពមុននឹងបញ្ជូនដំណឹង។
    • បញ្ជូនដំណឹងភ្លាមក្រោយពេលវិនិច្ឆ័យរួច និងបញ្ជូនឱ្យបានទាន់ពេលវេលា។
    • ចំណុចយកចិត្តទុកដាក់៖ បើដំណឹងមិនពាក់ព័ន្ធតួនាទីខ្លួន ត្រូវជូនដំណឹងប្រធានអង្គភាពហើយបញ្ជូនទៅអង្គភាពដើមវិញ; ចំពោះរបាយការណ៍ត្រូវបញ្ជាក់ច្បាស់ទីកន្លែងបញ្ជូន/ទទួល និងចំនួនទំព័រ; ចំពោះដំណឹងសម្ងាត់ ឬបន្ទាន់ ត្រូវកត់ត្រាច្បាស់ឈ្មោះ ឋានន្តរសក្តិ ឋានៈអ្នកទទួល/បញ្ជូន និងរក្សាការសម្ងាត់ប្រភព។
  • ៤. ដំណាក់កាលថែរក្សាដំណឹង៖ គឺជាការរៀបចំទុកដាក់នូវរាល់ដំណឹងដែលចាំបាច់ទៅតាមបទកំណត់ ដើម្បីបម្រើឱ្យការងារចំពោះមុខ និងយូរអង្វែង។ ផ្អែកលើការវិភាគអង្គហេតុ (បទល្មើសអ្វី? នរណាធ្វើ? នៅឯណា? ពេលណា? ខូចខាតអ្វី?...) យើងត្រូវរៀបចំទុកដាក់ដំណឹងទៅតាម៖
    • ពេលវេលា
    • ប្រភេទនៃខ្លឹមសាររឿង
    • កម្រិតនៃបទល្មើស (បទឧក្រិដ្ឋ ឬបទមជ្ឈិម)
    • ភូមិសាស្ត្រ (ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ត/រាជធានី)
    • កំណត់តម្លៃដំណឹងដើម្បីរក្សាទុកនៅក្នុងអង្គភាព។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅការងារដំណឹងរបស់នគរបាល ទំព័រទី ២ និងទី ៣
សំណួរ ១២
តើសំណូមពរនៃការងារដំណឹងមានប៉ុន្មាន?អ្វីខ្លះ?ចូរលើកឡើងអំពីសំណូមពរពិតប្រាកដជាក់ស្តែង?ចូរពន្យល់?
  • សំណូមពរនៃការងារដំណឹងមាន ៥ យ៉ាងគឺ៖
    1. ចាំបាច់ និងគ្រប់គ្រាន់
    2. ពិតប្រាកដ
    3. ទាន់ពេលវេលា
    4. ចំកន្លែង
    5. សុវត្ថិភាព
  • សំណូមពរពិតប្រាកដជាក់ស្តែង៖ ដំណឹងត្រូវតែធានាថាត្រឹមត្រូវតាមសភាពដើម
    • ជនប្រព្រឹត្តបទល្មើសតែងតែប្រឌិត ឬបិទបាំង មិនរាយការណ៍ផ្តល់ដំណឹងមិនពិត ឬក្លែងក្លាយ
    • ការងារដំណឹងរបស់អង្គភាពនគរបាល ត្រូវឈានស្វែងរកភាពពិត និងយុត្តិធម៌ ដើម្បីបម្រើដល់ការងារជំនាញ និងប្រយុទ្ធប្រឆាំង
    • កម្រិតយល់ដឹងត្រូវមានភាពច្បាស់លាស់។
៥- មេរៀនការងារទទួលព័ត៌មាន-បណ្តឹង ៥ សំណួរ
សំណួរ ១៣
ចូរលើកឡើងអំពីកត្តាបង្អែកអ្វីខ្លះ? ដើម្បីកំណត់បើកការស៊ើបអង្កេតដោយឯកឯង?
ដើម្បីកំណត់បើកការស៊ើបអង្កេតដោយឯកឯង ស្ថាប័ននគរបាលត្រូវផ្អែកលើកត្តាជាមូលដ្ឋានដូចខាងក្រោម៖
  • ផ្អែកតាមសកម្មភាពការងារប្រចាំថ្ងៃរបស់នគរបាលយុត្តិធម៌ ហើយបានរកឃើញបទល្មើស (បទល្មើសជាក់ស្តែង)។
  • ផ្អែកតាមព័ត៌មានបណ្តឹងពីប្រជាពលរដ្ឋដែលឆ្លុះបញ្ចាំងពីករណីល្មើសច្បាប់ណាមួយបានកើតឡើង។
  • ផ្អែកតាមករណីដែលមានមនុស្សស្លាប់ក្នុងស្ថានភាពមិនធម្មតា មានការសង្ស័យលើករណីឃាតកម្ម។
  • ផ្អែកតាមការសារភាពរបស់ជនសង្ស័យអំពីការប្រព្រឹត្តបទល្មើសរបស់ជនណាម្នាក់ (ត្រូវពិចារណាមុនធ្វើការស៊ើបអង្កេត)។
  • ផ្អែកតាមបណ្តឹងរបស់ស្ថាប័ន អង្គភាព ក្រុមហ៊ុន អង្គការសង្គម... ដែលបានបញ្ជូនរបាយការណ៍មកស្ថាប័ននគរបាលពីករណីល្មើសច្បាប់។
  • ផ្អែកតាមព័ត៌មានដែលកំពុងផ្សព្វផ្សាយជាចំហតាមរយៈប្រព័ន្ធឃោសនាសាធារណៈ ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីករណីល្មើសណាមួយកើតឡើង ហើយពិនិត្យឃើញថាចាំបាច់ត្រូវតែស៊ើបអង្កេត។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅការងារទទួលព័ត៌មាន-បណ្តឹង ទំព័រទី ៦
សំណួរ ១៤
ចូរលើកឡើងនូវខ្លឹមសារជាមូលដ្ឋាន អំពីព័ត៌មាន-បណ្តឹង?
ខ្លឹមសារជាមូលដ្ឋានអំពីព័ត៌មាន-បណ្តឹង រួមមាន៖
  • អត្តសញ្ញាណ៖ អត្តសញ្ញាណរបស់អ្នកផ្តល់ព័ត៌មាន-បណ្តឹង, របស់ជនរងគ្រោះ និងរបស់អ្នកធ្វើសាក្សី។
  • មុខសញ្ញា៖ អត្តសញ្ញាណរបស់ជនសង្ស័យ និងទំនាក់ទំនងរវាងជនសង្ស័យ និងជនរងគ្រោះ។
  • ទីកន្លែងកើតហេតុ៖ ទីតាំងច្បាស់លាស់ដែលកើតរឿងហេតុ។
  • ពេលវេលា៖ ពេលវេលាដែលកើតរឿងហេតុជាក់ស្តែង និងពេលវេលាដែលសមត្ថកិច្ចក្តាប់បានព័ត៌មាន។
  • ខ្លឹមសារនៃរឿងហេតុ៖ អង្គហេតុដំណើររឿងនៃការប្រព្រឹត្តបទល្មើស។
  • ល្បិចកលប្រព្រឹត្តបទល្មើស៖ វិធីសាស្ត្រ មធ្យោបាយ និងកលល្បិចរបស់មុខសញ្ញា។
  • មហន្តរាយ/ការខូចខាត៖ ផលប៉ះពាល់ ការបាត់បង់អាយុជីវិត រងរបួស ឬការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយមុខសញ្ញា។
  • ស្ថានភាពទីកន្លែងកើតហេតុ៖ តើនៅរក្សាភាពដើម ឬមានការប្រែប្រួល? ដោយសារមូលហេតុអ្វី?
  • ព័ត៌មាននានាជុំវិញរឿងហេតុ៖ តម្រុយផ្សេងៗបន្ថែមទៀត។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅការងារទទួលព័ត៌មាន-បណ្តឹង ទំព័រទី ៨
សំណួរ ១៥
ចូរវិភាគអំពីការចូលរួមរបស់អ្នកផ្តល់ព័ត៌មាន-បណ្តឹង ក្នុងការងារស៊ើបអង្កេតបទល្មើស?
ការចូលរួមរបស់អ្នកផ្តល់ព័ត៌មាន-បណ្តឹង មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការងារស៊ើបអង្កេតបទល្មើស រួមមាន៖
  • អាចមានមុខគ្រប់ពេលវេលាក្នុងពេលសមត្ថកិច្ចពិនិត្យទីកន្លែងកើតហេតុ។
  • ធ្វើការបញ្ជាក់បន្ថែមពីបទល្មើស ពីមុខសញ្ញា និងវត្ថុតាងជាលំដាប់លំដោយ។
  • ចូលរួមក្នុងការស្វែងរកមុខសញ្ញាជនល្មើស។
  • ចូលរួមក្នុងការពិនិត្យនិងបញ្ជាក់អត្តសញ្ញាណមុខសញ្ញា (ចង្អុលបង្ហាញជនល្មើស)។
  • ចូលរួមក្នុងការងារប្រទល់មុខ (ការជួបផ្ទៀងផ្ទាត់ចម្លើយ)។
  • ចូលរួមក្នុងការពិនិត្យវត្ថុតាង និងអនុវត្តវិធានការការពារវត្ថុតាង។
  • ចូលរួមក្នុងការពិនិត្យទីកន្លែងកើតហេតុឡើងវិញ ឬក្នុងការពិសោធន៍ជាក់ស្តែងឡើងវិញ។
  • ចូលរួមពិនិត្យឃ្លាំមើលតាមបណ្តាទីកន្លែង និងមធ្យោបាយ ឬសម្ភារដែលមានការពាក់ព័ន្ធបទល្មើស។
  • ចូលរួមកំណត់វាយតម្លៃពីមូលហេតុ និងលក្ខណៈនៃរឿងហេតុដែលបានកើតឡើងនោះ។
សំណួរ ១៦
ចូរលើកឡើងអំពីសំណូមពរចំពោះមន្ត្រីនគរបាល ក្នុងការទទួលព័ត៌មាន-បណ្តឹងដោយផ្ទាល់មាត់?
សំណូមពរចំពោះមន្ត្រីនគរបាលក្នុងការទទួលព័ត៌មាន-បណ្តឹងដោយផ្ទាល់មាត់មាន៖
  • មន្ត្រីនគរបាលដែលទទួលព័ត៌មាន-បណ្តឹង ត្រូវតែយកចិត្តទុកដាក់ស្តាប់ ត្រូវមានអាកប្បកិរិយាសុភាពរាបសារ រួសរាយរាក់ទាក់ ត្រឹមត្រូវ សមរម្យ ដើម្បីបង្កបរិយាកាសល្អ និងបង្កើតបាននូវភាពស្និទ្ធស្នាល ទំនុកចិត្ត។
  • ត្រូវមានការកត់ត្រា និងត្រិះរិះពិចារណាស្វែងយល់ពីខ្លឹមសារនៃសេចក្តីរាយការណ៍របស់គេឱ្យបានល្អិតល្អន់។
  • ត្រូវយកចិត្តទុកដាក់ដល់ទម្លាប់ចិត្តសាស្ត្រ កម្រិតវប្បធម៌ និងឋានៈតួនាទីក្នុងសង្គមរបស់អ្នកផ្តល់ព័ត៌មាន-បណ្តឹង ដើម្បីរៀបចំ និងសម្រួលមន្ត្រីរបស់យើងឱ្យបានសមស្រប សំដៅទទួលបានព័ត៌មាន-បណ្តឹងប្រកបដោយផលល្អប្រសើរ និងរក្សាការសម្ងាត់ជូនពួកគាត់។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅការងារទទួលព័ត៌មាន-បណ្តឹង ទំព័រទី ៧
សំណួរ ១៧
ចូរវិភាគអំពីបញ្ហាចាំបាច់មួយចំនួនដែលត្រូវបញ្ជាក់ ក្នុងពេលទទួលព័ត៌មាន-បណ្តឹង?
បញ្ហាចាំបាច់ដែលត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ក្នុងពេលទទួលព័ត៌មាន-បណ្តឹងមានដូចខាងក្រោម៖
  • រឿងហេតុអ្វី ដែលបានកើតឡើង? តើជារឿងអ្វី? មានបង្កមហន្តរាយដល់អាយុជីវិតរបស់មនុស្ស ឬទ្រព្យសម្បត្តិដែរឬទេ? ក្នុងករណីមានបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ គឺត្រូវបញ្ជាក់ឱ្យច្បាស់ពីអត្តសញ្ញាណជនរងគ្រោះ និងទ្រព្យដែលបាត់បង់នោះ។
  • រឿងហេតុ បានកើតឡើងនៅពេលណា? ប្រសិនបើអ្នកផ្តល់ព័ត៌មាន-បណ្តឹងអាចបញ្ជាក់បានច្បាស់ពីពេលវេលាជាក់លាក់នៃរឿងហេតុ វានឹងបង្កលក្ខណៈអំណោយផលដល់នគរបាលក្នុងការពិចារណា និងកំណត់សកម្មភាពនៃរឿងហេតុបានលឿន។
  • រឿងហេតុ កើតឡើងនៅទីណា?
    • ករណីកើតឡើងនៅផ្ទះ៖ ត្រូវបញ្ជាក់ឱ្យច្បាស់ពីលេខផ្ទះ ជាន់ទីប៉ុន្មាន ផ្លូវលេខប៉ុន្មាន ភូមិ ឃុំ/សង្កាត់។
    • ករណីកើតឡើងនៅទីសាធារណៈ៖ ត្រូវបញ្ជាក់ឱ្យបានក្បោះក្បាយពីភាពលម្អិតនៃចំណុចសម្គាល់ទីតាំងកើតហេតុនោះ។
  • ល្បិចកល និងសកម្មភាពនៃបទល្មើសយ៉ាងដូចម្តេច? មធ្យោបាយ អាវុធ ឧបករណ៍ដែលប្រើប្រាស់។
  • នរណាជាមុខសញ្ញាសង្ស័យ? ភិនភាគ សម្លៀកបំពាក់ ឈ្មោះ ទីកន្លែងគេចខ្លួន។
  • ហេតុអ្វីនាំឱ្យមានការប្រព្រឹត្តបទល្មើស? មូលហេតុ ឬទំនាស់ពីមុនមក។
  • នរណាជាជនរងគ្រោះ និងសំណូមពររបស់គេយ៉ាងម៉េច?
  • បញ្ជាក់ពីបញ្ហាផ្សេងៗ ដែលគេបានដឹង បានឃើញ និងបានធ្វើកន្លងមក។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅការងារទទួលព័ត៌មាន-បណ្តឹង ទំព័រទី ៨
៦- មេរៀនគុណសម្បត្តិមន្ត្រីនគរបាលយុត្តិធម៌ ៣ សំណួរ
សំណួរ ១៨
ដើម្បីបំពេញបានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ដើម្បីបំពេញបានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
  • មានឋានន្តរសក្តិ នគរបាលជាតិ ចាប់ពីអនុសេនីយ៍ត្រីឡើងទៅ
  • បម្រើការងារយ៉ាងតិច ២ ឆ្នាំ ក្នុងវិស័យនគរបាល
  • មានសញ្ញាបត្រជាន់ខ្ពស់មន្ត្រីនគរបាលយុត្តិធម៌
  • ទៅស្បថនៅអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍
  • ចុះក្នុងក្រាំងមាស នគរបាលយុត្តិធម៌
  • ត្រូវបានតែងតាំងជាសមត្ថកិច្ចដែនដី ឬ សមត្ថកិច្ចជំនាញ (ជាស្នងការ អភិបាល រងខេត្ត រាជធានី មេឃុំ...)
សំណួរ ១៩
ចូបញ្ជាក់អំពីសមាសភាពនគរបាលយុត្តិធម៌និងការកំណត់ចំណាត់ថ្នាក់បទល្មើស?
១. សមាសភាពនគរបាលយុត្តិធម៌រួមមាន (មាត្រា ៥៧)៖
  • មន្ត្រីនគរបាលយុត្តិធម៌
  • ភ្នាក់ងារនគរបាលយុត្តិធម៌
  • មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកបានប្រគល់ឱ្យធ្វើការពិនិត្យបទល្មើសខ្លះៗក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន

២. ការកំណត់ចំណាត់ថ្នាក់បទល្មើស៖

នគរបាលយុត្តិធម៌មានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាង។

សំណួរ ២០
ដំណើរការរឿងក្តីព្រហ្មទណ្ឌ ត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?
នៅក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌ គឺចែកចេញជា ៤ ដំណាក់កាល គឺ៖
  1. ការស៊ើបអង្កេត (ជាសមត្ថកិច្ចរបស់នគរបាលយុត្តិធម៌ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា ដើម្បីធ្វើការស៊ើបអង្កេត ស្វែងរកអត្តសញ្ញាណ និងចាប់ខ្លួនជនល្មើស)
  2. ការចោទប្រកាន់
  3. ការស៊ើបសួរ
  4. និងការជំនុំជម្រះ
៧- មេរៀនគោលការណ៍ប្រើប្រាស់កម្លាំងនិងអាវុធ ៣ សំណួរ
សំណួរ ២១
តើមន្ត្រីប្រតិបត្តិច្បាប់អាចប្រើប្រាស់កម្លាំងនិងអាវុធក្នុងករណីណាខ្លះ?សូមពន្យល់ចំណុចនីមួយៗ
មន្ត្រីប្រតិបត្តិច្បាប់អាចប្រើប្រាស់កម្លាំងនិងអាវុធ ក្នុងករណី៖
  • ការពារខ្លួន ឬការពារអ្នកដទៃ
  • ឃាត់ខ្លួន ឬ បញ្ឈប់ជនល្មើសជាក់ស្តែង
  • ចាប់ខ្លួនជនសង្ស័យដែលគេចខ្លួន
  • ការបង្ការភាពវឹកវរ ឬកុបកម្មធ្ងន់ធ្ងរ
សំណួរ ២២
ចូបង្ហាញអំពីគោលការណ៍សំខាន់ៗក្នុងការប្រើប្រាស់កម្លាំងនិងអាវុធមានអ្វីខ្លះ?សូមពន្យល់ចមណុចនីមួយៗ
  1. គោលការណ៍សំខាន់ៗ
  2. ការប្រើកម្លាំង នៅពេលដែលវិធីសាស្ត្រផ្សេងទៀតបានបរាជ័យ និងដើម្បីសម្រេចបាននូវអ្វីដែលច្បាប់បានកំណត់
  3. ការប្រើអាវុធ ប្រើប្រាស់អាវុធជាជម្រើសចុងក្រោយ និងត្រូវមានសមាមាត្រ
  4. ការប្រើកម្លាំងនិងអាវុធបំពាន
  5. ការល្បាតលើការប្រមូលផ្ដុំមិនស្របច្បាប់
  6. ការទទួលខុសត្រូវរបស់មន្ត្រីប្រតិបត្តិ
សំណួរ ២៣
ក្នុងពេលបំពេញភារកិច្ចតើមន្ត្រីប្រតិបត្តិច្បាប់ត្រូវក្តាប់ឱ្យបាននូវខ្លឹមសារសំខាន់ៗអ្វីខ្លះ?
ក្នុងពេលបំពេញភារកិច្ច មន្ត្រីប្រតិបត្តិច្បាប់ត្រូវក្តាប់ឱ្យបាននូវ ៧ ខ្លឹមសារសំខាន់ៗ គឺ៖
  1. ត្រូវយល់ដឹងពីផ្នែកសីលធម៌ និងច្បាប់
  2. ប្រើកម្លាំងនិងអាវុធពេលដែលចាំបាច់ប៉ុណ្ណោះ
  3. មិនត្រូវធ្វើទារុណកម្ម អំពើឃោរឃៅ
  4. គោរពគោលការណ៍ ភាពចាំបាច់ & សមាមាត្រ
  5. មុនប្រើកម្លាំង គួរប្រើមធ្យោបាយសន្តិវិធីសិន
  6. មន្ត្រីអនុវត្តច្បាប់ត្រូវបណ្តុះបណ្តាលឱ្យបានទៀងទាត់
  7. ដាក់ទណ្ឌកម្មចំពោះមន្ត្រីដែលបានប្រើបំពានខុសច្បាប់
៨- មេរៀនជំនាញទំនាក់ទំនងក្នុងការងារនគរបាល ២ សំណួរ
សំណួរ ២៤
សមត្ថភាពមានដែនកំណត់របស់រាងកាយ(វិញ្ញាណ)តើមានចំនួនប៉ុន្មាន?អ្វីខ្លះ?ភ្នែករបស់យើងសមត្ថភាពមានដែនកំណត់។ចូរបកស្រាយកត្តាផ្សេងៗដែលធ្វើឱ្យការមើលឃើញរបស់យើងមិនបានត្រឹមត្រូវ។
១. សមត្ថភាពមានដែនកំណត់របស់រាងកាយ មានចំនួន ៣ គឺ៖
  • ភ្នែក
  • ត្រចៀក
  • ចម្លើយមិនអាចយកជាការបាន

២. ដែនកំណត់នៃភ្នែក និងកត្តាផ្សេងៗដែលធ្វើឱ្យការមើលឃើញមិនបានត្រឹមត្រូវ៖
  • ក. កត្តាទូទៅ៖ ភាពឆ្ងាយ ភាពជិត ឬទំហំមាឌរបស់វត្ថុ; ទីតាំងរបស់អ្នកឈរសង្កេតពិនិត្យ; លក្ខខណ្ឌធាតុអាកាស (ភ្លៀង ងងឹតអ័ព្ទ ខ្យល់បក់ខ្លាំង...); សភាពចិត្តគំនិតរបស់អ្នកមើល (ការភ័យរន្ធត់ ស្រមើស្រមៃ តក់ស្លុត)។
  • ខ. លក្ខខណ្ឌពន្លឺ៖ ពេលយប់ពិបាកមើលច្បាស់លាស់; វត្ថុដែលត្រូវបានបំភ្លឺដោយភ្លើងភ្លឺព្រឹមៗពិបាកកំណត់ពណ៌; ពន្លឺដែលមានកម្លាំងខ្លាំងចាំងភ្នែក (ភ្លើងហ្វារថយន្ត...)។
  • គ. កត្តារាងកាយ៖ ជំងឺកកស្ទះសរសៃឈាម, ភ្នែកម៉ូប, ពិការភ្នែកម្ខាង, ភាពអស់កម្លាំង ឬស្រវឹង។
  • ឃ. កត្តាពណ៌ និងវត្ថុ៖ កញ្ចក់ពណ៌, ពន្លឺរបស់វត្ថុបំភ្លឺ, ពណ៌របស់វត្ថុពីរដែលប៉ុនគ្នាតែមានពណ៌ផ្សេងគ្នាធ្វើឱ្យភ្នែកមើលឃើញទំហំខុសគ្នា។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅជំនាញទំនាក់ទំនងក្នុងការងារនគរបាល ទំព័រទី ២១ និងទី ២២
សំណួរ ២៥
តើជំនាញទំនាក់ទំនងមានប៉ុន្មាន?អ្វីខ្លះ? ចូរបកស្រាយគោលការណ៍ជំនាញទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលឱ្យបានក្បោះក្បាយ?
១. ជំនាញទំនាក់ទំនងធំៗមាន ៣ គឺ៖
  • គោលការណ៍ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល
  • ការទំនាក់ទំនងតាមពាក្យសម្តី
  • ការទំនាក់ទំនងមិនប្រើពាក្យសម្តី

២. ការបកស្រាយគោលការណ៍ជំនាញទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល៖
  • នគរបាលតែងធ្វើការទំនាក់ទំនងជាមួយគ្រប់សមាសភាពក្នុងសង្គម រួមមាន៖ ទំនាក់ទំនងជាមួយនគរបាលគ្នាឯង ឬសមត្ថកិច្ចដទៃទៀត; ជាមួយមេការ ឬអ្នកទទួលខុសត្រូវស្ថាប័ននានា; ជាមួយជនរងគ្រោះ សាក្សី ឬដើមបណ្តឹង; ជាមួយជនសង្ស័យ; ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសមាគម/សហគមន៍នានា។
  • ធាតុផ្សំទាំង ៤ នៃដំណើរការទំនាក់ទំនង៖
    អ្នកបញ្ជូនសារ (Sender) ➔ សារ (Message) ➔ មធ្យោបាយបញ្ជូនសារ (Channel/Medium) ➔ អ្នកទទួលសារ (Receiver)
  • គោលការណ៍អនុវត្តជាក់ស្តែង៖ ត្រូវប្រើប្រាស់ពាក្យសម្តីសមរម្យ ច្បាស់លាស់ យកចិត្តទុកដាក់ស្តាប់ដោយអត់ធ្មត់ បង្ហាញភាពស្មោះត្រង់ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប ដើម្បីបង្កើតទំនុកចិត្ត និងកិច្ចសហការល្អ។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅជំនាញទំនាក់ទំនងក្នុងការងារនគរបាល ទំព័រទី ២៥ និងទី ២៦
៩- មេរៀនធាតុផ្សំបទល្មើស ៣ សំណួរ
សំណួរ ២៦
តើលក្ខខណ្ឌនៃអំពើប៉ុនប៉ងចំពោះបទល្មើសណាខ្លះដែលនាំមានការផ្តន្ទាទោស?ចូរពន្យល់។
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា លក្ខខណ្ឌនៃការផ្តន្ទាទោសលើអំពើប៉ុនប៉ងមានដូចខាងក្រោម៖
  • ១. ចំពោះបទឧក្រិដ្ឋ៖ អំពើប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ត្រូវតែផ្តន្ទាទោសជានិច្ច ដោយគ្មានករណីលើកលែងឡើយ។
  • ២. ចំពោះបទមជ្ឈិម៖ អំពើប៉ុនប៉ងក្នុងបទមជ្ឈិម ត្រូវផ្តន្ទាទោស លុះត្រាតែមានច្បាប់ ឬបទប្បញ្ញត្តិព្រហ្មទណ្ឌចែងកំណត់ច្បាស់លាស់ ថាត្រូវផ្តន្ទាទោសលើការប៉ុនប៉ងនៃបទល្មើសនោះ។ បើគ្មានច្បាប់ចែងបញ្ជាក់ មិនត្រូវផ្តន្ទាទោសឡើយ។
  • ៣. ចំពោះបទលហុ៖ អំពើប៉ុនប៉ងក្នុងបទលហុ មិនត្រូវផ្តន្ទាទោសឡើយ
  • លក្ខខណ្ឌបង្កើតជាអំពើប៉ុនប៉ង (តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ)៖
    • បានចាប់ផ្តើមអនុវត្តបទល្មើស (មានឆន្ទៈ និងសកម្មភាពជាក់ស្តែង)។
    • ការអនុវត្តនោះត្រូវអាក់ខាន ឬមិនបានសម្រេចផល ដោយសារកត្តា ឬកម្លាំងក្រៅឆន្ទៈរបស់ជនល្មើស (ឧ. សមត្ថកិច្ចមកទាន់, ជនរងគ្រោះរើបំរាស់រួច, កាំភ្លើងបាញ់មិនផ្ទុះ...)។
សំណួរ ២៧
ចូរពន្យល់បកស្រាយអំពីធាតុផ្សំបទល្មើស? ចូរលើកឧទាហរណ៍បញ្ជាក់។
ធាតុផ្សំនៃបទល្មើស គឺជាកត្តាទាំងឡាយណាដែលបានបង្កើតឱ្យមានរូបរាងនៃអំពើល្មើសណាមួយដែលមានចែងជាធរមាននៅក្នុងច្បាប់ព្រហ្មទណ្ឌ។ ធាតុផ្សំនៃបទល្មើសរួមមាន៖
  • ១. ធាតុនីត្យានុកូល (ធាតុច្បាប់)៖ ត្រូវតែមានច្បាប់ព្រហ្មទណ្ឌចែងកំណត់ជាមុនថាអំពើនោះជាបទល្មើស និងមានចែងពីទោសបញ្ញត្តិ ស្របតាមគោលការណ៍ «គ្មានបទល្មើស គ្មានទោស បើគ្មានច្បាប់ចែង»។
  • ២. ធាតុសត្យានុម័ត (ធាតុសម្ភារ / អំពើខាងក្រៅ)៖ គឺជាសកម្មភាព អាកប្បកិរិយា ឬទង្វើខាងក្រៅជាក់ស្តែងដែលបានប្រព្រឹត្តឡើង (ការធ្វើសកម្មភាព ឬអសកម្មភាព) ដែលបង្កឱ្យមានផលប៉ះពាល់ ឬខូចខាត។
  • ៣. ធាតុអត្តនោម័ត (ធាតុផ្លូវចិត្ត / ចេតនា)៖ គឺជាឆន្ទៈ មនសិការ និងការដឹងខុសត្រូវរបស់បុគ្គលក្នុងការប្រព្រឹត្ត (ចេតនាទុច្ចរិត ឬកំហុសអចេតនាដែលច្បាប់ហាមឃាត់)។
* ឧទាហរណ៍បញ្ជាក់ (បទលួច តាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ)៖
  • ធាតុនីត្យានុកូល៖ មានមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌចែងផ្តន្ទាទោសពីបទលួច។
  • ធាតុសត្យានុម័ត៖ ជនសង្ស័យបានលូកដៃយកទូរស័ព្ទដៃរបស់ជនរងគ្រោះដាក់ចូលហោប៉ៅខ្លួន។
  • ធាតុអត្តនោម័ត៖ ជនសង្ស័យបានដឹងច្បាស់ថាទូរស័ព្ទនោះជារបស់អ្នកដទៃ ប៉ុន្តែនៅតែមានចេតនាទុច្ចរិតយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់។
សំណួរ ២៨
តើចំណាត់ថ្នាក់នៃបទល្មើសមានអ្វីខ្លះ? ចូរបកស្រាយ?
បទល្មើសត្រូវបានបែងចែកជា ៣ ថ្នាក់
  1. បទឧក្រិដ្ឋ៖ ជាបទល្មើសធ្ងន់ធ្ងរបំផុត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៥ ឆ្នាំ ឡើងទៅ រហូតដល់អស់មួយជីវិត អាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
  2. បទមជ្ឈិម៖ ជាបទល្មើសមធ្យម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ មានរយៈពេលក្រោម ឬស្មើនឹង ៦ (ប្រាំមួយ) ថ្ងៃ និង/ឬ ទោសពិន័យជាប្រាក់
  3. បទលហុ៖ ជាបទល្មើសស្រាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ១ ថ្ងៃ ដល់ ៦ ថ្ងៃ និង/ឬ ទោសពិន័យជាប្រាក់
១០- មេរៀនបច្ចេកទេសប្រើប្រាស់អាវុធ ៣ សំណួរ
សំណួរ ២៩
តើអាវុធAK-47មានប៉ុន្មានប្រភេទ? អ្វីខ្លះ?
អាវុធ AK-47 រួមមាន ៣ ប្រភេទ គឺ៖
  • AK ស្វាយបត់៖ ស្វាយដែក AKMS សម្រាប់ទ័ពឆ័ត្រយោង កងអង្គរក្ស និងកងរថក្រោះ
  • AK ស្វាយលាត៖ ស្វាយធ្វើអំពីឈើសម្រាប់បំពាក់ឱ្យទ័ពថ្មើរជើង (ម៉ែត្រតម្រង់មានពីលេខ ១-៨)
  • AKM៖ (ឆែបមាត់បំពង់ត្រែមួយចំហៀង) ម៉ែត្រតម្រង់មានពីលេខ ១-១០
សំណួរ ៣០
ចូររៀបរាប់អំពីការដោះនិងរៀបដាក់អាវុធAK-47ឪ្យបានត្រឹមត្រូវ?
១. ការដោះចេញអាវុធ AK-47 (រួមមាន ៧ ជំហាន)៖
  1. ដោះបង់គ្រាប់ និងត្រួតពិនិត្យអាវុធ៖ ដៃឆ្វេងកាន់ប្រអប់ដៃកាន់ ដៃស្តាំកាន់កស្វាយបញ្ឈរលើតុ ម្រាមដៃស្តាំបួនដាក់នៅផ្នែកពោះបង់ មេដៃស្តាំឆ្កឹះគន្លឹះរក្សាបង់ រួចកាច់ឡើងលើ យកបង់គ្រាប់ចេញដាក់លើតុតាមលំដាប់លំដោយ ពីស្តាំមកឆ្វេង។ ដៃស្តាំបើកសោររួចទាញនីរភ័យសន្លឹមៗ (២-៣ ដង) ពេលនោះភ្នែកសម្លឹងមើលទៅក្នុងប្រហោងកាណុង (ផ្នែកខាងក្រោយ) ចង្អុលដៃស្តាំកេះកៃ ដោយកាណុងបញ្ឈរទៅមុខឡើងលើ។
  2. ដោះដែកធុក (ស្វាយដែក)៖ ដៃឆ្វេងកាន់ប្រអប់ដៃកាន់ ដៃស្តាំកាន់កស្វាយ លើកបញ្ឈរនៅលើតុ មេដៃស្តាំ និងចង្អុលដៃចាប់ទាញយកដែកធុក ដែលនៅផ្នែកខាងក្រោមនៃចុងកាណុងដកចេញដាក់នៅលើតុតាមលំដាប់លំដោយ។
  3. ដោះបំពង់សម្ភារ៖ អាវុធនៅលើតុ ដៃស្តាំប្រើម្រាមដៃចាប់យកដែកធុក (ផ្នែកខាងចុង) មករុកកន្លែងរក្សាបំពង់សម្ភារ ពេលនោះបំពង់សម្ភារលានចេញ ដៃស្តាំកាន់ដែកធុកដាក់លើតុវិញ ដៃស្តាំចាប់ទាញបំពង់សម្ភារចេញ ប្រគល់បំពង់សម្ភារឱ្យដៃឆ្វេង រួចដៃស្តាំយកសម្ភារចេញដាក់នៅលើតុតាមលំដាប់លំដោយ។
  4. ដោះគម្របប្រអប់ត្រល់៖ ដៃឆ្វេងកាន់ប្រអប់ដៃកាន់ ដៃស្តាំកាន់កស្វាយអាវុធដាក់នៅលើតុ ដៃឆ្វេងកាន់កស្វាយអាវុធ និងយកមេដៃឆ្វេងរុញចង្កឹះរ៉ឺស័រ ដៃស្តាំចាប់ទាញគម្របប្រអប់ត្រល់លើកឡើងលើយកចេញ ដាក់នៅលើតុរៀបតាមលំដាប់លំដោយពីស្តាំមកឆ្វេង។
  5. ដោះចង្កឹះរ៉ឺស័រ៖ ដៃឆ្វេងកាន់កស្វាយ មេដៃស្តាំនិងចង្អុលដៃរុញចង្កឹះរ៉ឺស័រទៅមុខរួចដកថយក្រោយយកចេញ ដាក់នៅលើតុតាមលំដាប់លំដោយ។
  6. ដោះកន្សោមត្រល់ និងបំបែកដុំត្រល់៖ ដៃឆ្វេងកាន់កស្វាយអាវុធ ដៃស្តាំទាញកន្សោមត្រល់មកក្រោយឱ្យផុតលើកឡើងលើ រួចហូតចេញ ដៃស្តាំប្រគល់កន្សោមត្រល់ទៅឱ្យដៃឆ្វេងដោយផ្ងារកន្សោមត្រល់ ដៃស្តាំបង្វិលដុំត្រល់តាមចង្អូររួចដកចេញដាក់នៅលើតុ។
  7. ដោះបំពង់ខ្យល់៖ ដៃឆ្វេងកាន់កស្វាយអាវុធ មេដៃស្តាំ និងចង្អុលដៃទាញគន្លឹះរក្សាបំពង់ខ្យល់ឡើងលើ ពិនិត្យទម្រង់មុខកាត់ឱ្យស្មើ ដៃស្តាំចាប់បំពង់ខ្យល់ផ្នែកខាងក្រោយលើកឡើងលើ យកចេញដាក់នៅលើតុតាមលំដាប់លំដោយ ពីស្តាំមកឆ្វេង។

២. ការរៀបចូល (រៀបផ្ទុយមកវិញ)៖
  • រៀបបំពង់ខ្យល់
  • រៀបដុំត្រល់ចូលក្នុងកន្សោមត្រល់ រួចបញ្ចូលក្នុងអាវុធ
  • រៀបបញ្ចូលចង្កឹះរ៉ឺស័រ
  • រៀបចូលគម្របប្រអប់ត្រល់
  • រៀបចូលបំពង់សម្ភារ
  • រៀបចូលដែកធុក
  • ត្រួតពិនិត្យអាវុធទាញនីរភ័យ (២-៣ ដង) រួចកេះកៃ បិទសោរទើបបញ្ចូលបង់ជាក្រោយ។
សំណួរ ៣១
តើគ្រាប់អាវុធAK-47មានប៉ុន្មានប្រភេទ? អ្វីខ្លះ?ហើយចម្ងាយបាញ់ឆ្ងាយបំផុតបានប៉ុន្មានម៉ែត្រ?
ប្រភេទគ្រាប់អាវុធ AK-47 មាន ៣ ប្រភេទ គឺ៖
  • គ្រាប់ភ្លើង៖ ប្រើបាញ់ជាសញ្ញា
  • គ្រាប់ធម្មតា៖ ប្រើក្នុងពេលប្រយុទ្ធ
  • គ្រាប់ទម្លុះឆេះ៖ ប្រើសម្រាប់បាញ់ឱ្យឆេះឃ្លាំង
ចម្ងាយបាញ់៖ មានចម្ងាយ ១៥០០ ម៉ែត្រ (1500ម)
១១- មេរៀនបញ្ហាជាមូលដ្ឋានស្តីពីការងារគ្រប់គ្រងរដ្ឋបាលពីសណ្តាប់ធ្នាប់សង្គម ២ សំណួរ
សំណួរ ៣២
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវបំពេញ ខ្លឹមសារនៃការងារគ្រប់គ្រងរដ្ឋបាលពីសន្តិសុខសណ្តាប់ធ្នាប់សង្គមមានអ្វីខ្លះ? ចូររៀបរាប់?
នគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវបំពេញការងារគ្រប់គ្រងរដ្ឋបាលសំខាន់ៗ ដូចខាងក្រោម៖
  • ២.១. ការគ្រប់គ្រងមនុស្ស៖
    • ការចុះបញ្ជី និងគ្រប់គ្រងស្ថិតិគ្រួសារ (គ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍, គ្រប់គ្រងការស្នាក់នៅបណ្តោះអាសន្ន)
    • ការចុះបញ្ជី និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    • ការចេញចូល ស្នាក់នៅ បំពេញការងាររបស់ជនបរទេស។
  • ២.២. ការគ្រប់គ្រងមុខរបរពិសេស (e.g. ផ្ទះសំណាក់, ខារ៉ាអូខេ, ហ្គាស សាំង...)៖
    • ចុះបញ្ជីដើម្បីគ្រប់គ្រង
    • ត្រួតពិនិត្យច្បាប់អាជីវកម្ម
    • ក្តាប់អំពីស្ថានភាពអាជីវកម្ម។
  • ២.៣. ការគ្រប់គ្រងមធ្យោបាយពិសេស៖
    • ចុះបញ្ជីដើម្បីគ្រប់គ្រង
    • ត្រួតពិនិត្យច្បាប់អនុញ្ញាត
    • ក្តាប់អំពីស្ថានភាពនៃការប្រើប្រាស់។
  • ២.៤. ការគ្រប់គ្រងភូមិសាស្ត្រស្មុគស្មាញ៖
    • ដំឡើងផែនទីភូមិសាស្ត្រ
    • កំណត់ចំណុចគោលដៅ
    • ដំឡើងបញ្ជីគ្រប់គ្រងគោលដៅ
    • ការបែងចែកប្រភេទគោលដៅ
    • ទប់ស្កាត់បទល្មើសដែលកើតឡើងនៅតាមគោលដៅ។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅពុម្ពមេរៀនទី២ ទំព័រទី ៩ និងទី ១០
សំណួរ ៣៣
ចូរបកស្រាយវិធីដំណើរការនៃការគ្រប់គ្រងរដ្ឋបាលស្តីពីសន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវចាត់តាំងផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋតាមរូបភាពណាខ្លះ?
ផ្អែកលើបទកំណត់ផ្សព្វផ្សាយអំពីសន្តិសុខសណ្តាប់ធ្នាប់ ត្រូវចាត់តាំងផ្សព្វផ្សាយ បំផុសប្រជាពលរដ្ឋឱ្យចូលរួមអនុវត្ត តាមរូបភាពមួយចំនួនដូចខាងក្រោម៖
  • ចុះតាមលំនៅដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយ
  • ប្រមូលផ្តុំប្រជាពលរដ្ឋនៅកន្លែងណាមួយដើម្បីផ្សព្វផ្សាយ
  • ផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ
  • ផ្សព្វផ្សាយតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅពុម្ពមេរៀនទី២ ទំព័រទី ១០ ចំណុច ៣.១
១២- មេរៀនបញ្ហាជាមូលដ្ឋានស្តីពីការងារល្បាតត្រួតពិនិត្យ ៣ សំណួរ
សំណួរ ៣៤
ដើម្បីបំពេញការងារល្បាតអោយទទួលបានជោគជ័យតើត្រូវអនុវត្តវិធីសាស្ត្រប៉ុន្មានដំណាក់កាល? អ្វីខ្លះ? ចូរបញ្ជាក់អំពីដំណាក់កាលមុនពេលល្បាត?
ដើម្បីបំពេញការងារល្បាតឱ្យទទួលបានជោគជ័យ យើងត្រូវអនុវត្តតាមវិធីសាស្ត្រ ៣ ដំណាក់កាល គឺ៖
  • ២.១. ដំណាក់កាលមុនពេលល្បាត (មាន ៤ ចំណុច)៖
    • ប្រមូលផ្តុំកម្លាំង និងធ្វើការត្រួតពិនិត្យកម្លាំង
    • ចាត់តាំង និង ប្រគល់ភារកិច្ចឱ្យបានច្បាស់លាស់
    • ត្រួតពិនិត្យសម្ភារៈបរិក្ខា និងមធ្យោបាយសម្រាប់បំពេញការងារ
    • ផ្សព្វផ្សាយអំពីផែនការ និងការរៀបចំដល់កម្លាំងល្បាតទាំងអស់ដែលចូលរួម។
  • ២.២. ដំណាក់កាលក្នុងពេលល្បាត៖ ប្រធានក្រុមត្រូវក្រើនរំលឹកជាប្រចាំដល់កម្លាំងគោរពវិន័យ ស្វាហាប់ និងដោះស្រាយហេតុការណ៍ចំពោះមុខឱ្យមានប្រសិទ្ធភាព។
  • ២.៣. ដំណាក់កាលក្រោយពេលល្បាត៖ ប្រធានក្រុមត្រូវប្រជុំជួរដើម្បីពិនិត្យកម្លាំង សម្ភារ យុទ្ធភណ្ឌ មធ្យោបាយ និងប្រជុំបូកសរុបដកបទពិសោធន៍ ធ្វើរបាយការណ៍ជូនប្រធានអង្គភាព។
សំណួរ ៣៥
តើការងារល្បាតត្រួតពិនិត្យរបស់មន្ត្រីនគរបាលមានភារកិច្ចធ្វើអ្វីខ្លះ? ចូរពន្យល់?
នៅក្នុងពេលល្បាត កងកម្លាំងនគរបាលមានភារកិច្ចមួយចំនួនដូចខាងក្រោម៖
  • ធ្វើការបង្ក្រាបរាល់សកម្មភាពល្មើសដែលបានកើតឡើងនៅតាមផ្លូវសាធារណៈ គ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ រោងដោនដ្ឋាន មណ្ឌលកម្សាន្ត ឬនៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ...
  • ស្វែងរក ចាប់ខ្លួនជនសង្ស័យតាមដីការបស់តុលាការ
  • ធ្វើការទប់ស្កាត់ទាន់ពេលរាល់សកម្មភាពបង្កមហន្តរាយផ្សេងៗដល់សង្គម និងសង្គ្រោះបន្ទាន់ជនរងគ្រោះ
  • សហការជាមួយកម្លាំងជំនាញផ្សេងៗដើម្បីបង្ក្រាបបទល្មើស ដែលបានកើតឡើងនៅលើភូមិសាស្ត្ររបស់ខ្លួន
  • សហការជាមួយកម្លាំងជំនាញ ដើម្បីការពារសុវត្ថិភាពដល់ក្បួនដំណើររបស់គណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលឆ្លងកាត់ភូមិសាស្ត្ររបស់ខ្លួន
  • សហការជាមួយកម្លាំងនគរបាលចរាចរណ៍ ដើម្បីសម្រួលដល់មធ្យោបាយធ្វើចរាចរណ៍គ្រប់ប្រភេទ ដែលកកស្ទះដោយប្រការផ្សេងៗឱ្យមានប្រក្រតីភាពឡើងវិញ
  • សហការជាមួយកងកម្លាំងផ្សេងទៀត ដើម្បីការពារសុវត្ថិភាពរាល់ពិធីកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដែលធ្វើឡើងនៅតាមទីសាធារណៈក្នុងភូមិសាស្ត្ររបស់ខ្លួន និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលអង្គភាពប្រគល់ឱ្យ។
សំណួរ ៣៦
តើវិធីដោះស្រាយករណីមួយចំនួនដែលតែងកើតឡើងក្នុងពេលល្បាតមានចំនួនប៉ុន្មាន?អ្វីខ្លះ?ចូរលើកឡើងអំពីករណីឃើញយានយន្តដែលមានការសង្ស័យ? ចូរពន្យល់?

វិធីដោះស្រាយករណីមួយចំនួនដែលតែងកើតឡើងក្នុងពេលល្បាត មានចំនួន ៣ ករណីធំៗ រួមមាន៖

  • ករណីជួបប្រទះអ្នកដែលមានការសង្ស័យ
  • ករណីឃើញយានយន្តដែលមានការសង្ស័យ
  • ករណីជួបហេតុការណ៍ចៃដន្យផ្សេងៗ និងដំណោះស្រាយ

ចំពោះករណីឃើញយានយន្តដែលមានការសង្ស័យ៖

ក. លក្ខណៈសម្គាល់៖

  • មានការបិទបាំងស្លាកលេខ ឬមានស្លាកស្នាមគួរឱ្យសង្ស័យ
  • បើកបរហួសល្បឿនកំណត់ និងមើលទៅគួរឱ្យសង្ស័យ
  • មើលទៅខាងក្នុងដូចជាមានមនុស្សត្រូវគេចាប់ចង ខ្ទប់មាត់ ឬកំពុងមានកាយវិការស្រែកឱ្យគេជួយ
  • មានបិទបាំងជិតមិនឱ្យយើងមើលឃើញខាងក្នុង
  • ប្រជាពលរដ្ឋ ឬប្រភពផ្សេងៗទៀតបានផ្តល់ព័ត៌មានឱ្យយើងដឹងថា នោះជាយានយន្តដែលមានការសង្ស័យ (ឧទាហរណ៍៖ ដឹកគ្រឿងញៀន ឬដឹកទំនិញគេចពន្ធ ...)។

ខ. វិធីដោះស្រាយ ៖

  • ត្រូវបញ្ជាឱ្យយានយន្តនោះឈប់នៅនឹងកន្លែងដែលបានកំណត់ រួចធ្វើការត្រួតពិនិត្យដោយប្រុងប្រយ័ត្ន និងឱ្យបានល្អិតល្អន់។
  • ករណីយានយន្តនោះមិនព្រមឈប់ និងបង្កើនល្បឿនគេចវេះពីការត្រួតពិនិត្យ យើងត្រូវបញ្ជូនកម្លាំងដេញតាម និងផ្តល់ព័ត៌មានទៅប៉ុស្តិ៍ខាងមុខភ្លាមៗដើម្បីស្ទាក់ជួយអន្តរាគមន៍។
  • បន្ទាប់មក ត្រូវរាយការណ៍ជាបន្ទាន់មកប្រធានអង្គភាព ដើម្បីសុំការណែនាំដោះស្រាយបន្ត។
១៣- មេរៀនមូលដ្ឋានគ្រឹះយុទ្ធវិធីនគរបាល ៣ សំណួរ
សំណួរ ៣៧
តើយុទ្ធវិធីនៃការឆែកឆេរខ្លួនបុគ្គលមានប៉ុន្មានកាយវិការ?តើកាយវិការអ្វីខ្លះ? ចូរបកស្រាយកាយវិការឆែកឆេរឈរឪ្យបានក្បោះក្បាយ។
១. យុទ្ធវិធីនៃការឆែកឆេរខ្លួនបុគ្គលមាន ៤ កាយវិការ គឺ៖
  • កាយវិការឆែកឆេរឈរ
  • កាយវិការឆែកឆេរលុតជង្គង់
  • កាយវិការឆែកឆេរដាក់ដៃផ្អែកនឹងជញ្ជាំង ឬទល់នឹងរថយន្ត
  • កាយវិការឆែកឆេរក្រាប ឬផ្កាប់មុខ

២. ការបកស្រាយកាយវិការឆែកឆេរឈរ៖
  • ដំណាក់កាលទី ១៖ បញ្ជាឱ្យជនសង្ស័យឈប់ ហើយលើកដៃទាំង២ឡើងលើ រួចដាក់ដៃលើក្បាល បន្ទាប់មកបញ្ជាឱ្យជនសង្ស័យឈរបែរខ្នង ដោយឱ្យជនសង្ស័យឈរកន្ធែកជើងយ៉ាងធំ ដើម្បីឱ្យជនសង្ស័យមិនមានជំហរក្នុងការរក្សាលំនឹងដងខ្លួន។
  • ដំណាក់កាលទី ២៖ នគរបាលដើរចូលទៅពីខាងក្រោយជនសង្ស័យ បន្ទាប់មកអនុវត្តនូវបច្ចេកទេសឆែកឆេរដូចខាងក្រោម៖
    • ចាប់ ខ្ទាស់ រុញ
    • ឆែកឆេរក្រោម៖ ដោយប្រើដៃមិនជំនាញចាប់ត្រង់ខ្សែក្រវ៉ាត់ជនសង្ស័យ ដោយដៃត្រង់ ហើយប្រើដៃជំនាញធ្វើការឆែកឆេរចាប់ពីបរិវេណចង្កេះរហូតដល់ចុងជើងជនសង្ស័យ។
    • ប្តូរដៃចាប់កអាវ៖ ដោយប្រើដៃមិនជំនាញចាប់កអាវជនសង្ស័យ។
    • ឆែកឆេរលើ៖ ដោយឆែកឆេរពីចំណុចចង្កេះរហូតដល់ក្បាលជនសង្ស័យ បន្ទាប់មកប្រើប្រាស់ដៃជំនាញឆែកឆេរចាប់ពីចង្កេះដល់ក្បាល។
    • ប្តូរទិសដៅឆែកឆេរ៖ ឆែកឆេរក្រោម, ប្តូរដៃចាប់កអាវ, ឆែកឆេរលើ។
(ចំណាំ៖ ករណីត្រូវការឆែកឆេរខ្លួនជនល្មើស (Contact) នៅផ្នែកម្ខាងទៀត អ្នកឆែកឆេរត្រូវឱ្យសញ្ញាដល់អ្នកការពារ (Cover) បន្ទាប់មកធ្វើការផ្លាស់ប្តូរដៃនិងជើង)
សំណួរ ៣៨
តើយុទ្ធវិធីនគរបាលប្រើប្រាស់ឧបករណ៍ឃាត់ខ្លួនដាក់ខ្នោះជនសង្ស័យធ្វើដើម្បីអ្វី?
នគរបាលដាក់ខ្នោះជនសង្ស័យក្នុងគោលបំណង ៖
  • ដើម្បីការពារកុំឱ្យជនសង្ស័យរត់គេចខ្លួនបាន
  • ដើម្បីការពារកុំឱ្យជនសង្ស័យបង្កហិង្សាដល់ខ្លួន និងអ្នកដទៃ
  • ការពារកុំឱ្យតដៃជាមួយសមត្ថកិច្ច
  • កាត់បន្ថយឱកាសក្នុងការប្រព្រឹត្តបទល្មើសបន្តទៀត
  • ដើម្បីបង្កភាពងាយស្រួល និងសុវត្ថិភាពដល់នគរបាលក្នុងការនាំខ្លួនជនសង្ស័យ និងសុវត្ថិភាពក្នុងពេលសួរចម្លើយ ឬដឹកទៅតុលាការ។
ប្រភពយោង៖ ដកស្រង់ពីកំណត់ត្រាសៀវភៅដៃយុទ្ធវិធីនគរបាល
សំណួរ ៣៩
តើការដាក់ខ្នោះមានប៉ុន្មានបច្ចេកទេស?ចូរអធិប្បាយអំពីបច្ចេកទេសដាក់ខ្នោះជនសង្ស័យក្រាបផ្កាប់មុខឱ្យបានក្បោះក្បាយ?
១. បច្ចេកទេសដាក់ខ្នោះមាន ៤ គឺ៖
  • បច្ចេកទេសក្នុងការដាក់ខ្នោះឈរ
  • បច្ចេកទេសក្នុងការដាក់ខ្នោះលុតជង្គង់
  • បច្ចេកទេសក្នុងការដាក់ខ្នោះដាក់ដៃផ្អែកនឹងជញ្ជាំង ឬទល់នឹងរថយន្ត
  • បច្ចេកទេសក្នុងការដាក់ខ្នោះក្រាបផ្កាប់មុខ

២. ការអធិប្បាយអំពីបច្ចេកទេសដាក់ខ្នោះជនសង្ស័យក្រាបផ្កាប់មុខ៖
  • ដំណាក់កាលទី ១៖ នគរបាលត្រូវបញ្ជាឱ្យជនសង្ស័យក្រាបផ្កាប់មុខ កន្ធែកដៃ កន្ធែកជើង ចេញឱ្យធំ។
  • ដំណាក់កាលទី ២៖ នគរបាលអន្តរាគមន៍ ដើរចូលចំហៀងពីក្រោយជនល្មើស ក្នុងមុំ ៤៥ អង្សារ ផ្នែកខាងឆ្វេង ឬខាងស្តាំ ដោយកាន់ខ្នោះដៃត្រង់ច្រវ៉ាក់ (បើចូលខាងស្តាំត្រូវកាន់ដៃស្តាំ បើចូលខាងឆ្វេងត្រូវកាន់ដៃឆ្វេង) ហើយត្រូវដាក់ខ្នោះដៃរបស់ជនល្មើសសិន។
  • ដំណាក់កាលទី ៣៖ បញ្ជាឱ្យជនល្មើសទម្លាក់ដៃម្ខាងទៀតក្រពាត់ទៅខាងក្រោយ ហើយធ្វើការដាក់ខ្នោះបន្ត រួចធ្វើការឆែកឆេរ។
១៤- មេរៀនអភិសមាចារនិងក្រមសីលធម៌ ៣ សំណួរ
សំណួរ ៤០
ចូរពន្យល់ពីអត្ថន័យខុសគ្នារវាងអភិសមាចារនិងសីលធម៌អោយបានក្បោះក្បាយ
អត្ថន័យខុសគ្នារវាងសីលធម៌ និងអភិសមាចារ៖
  • សីលធម៌៖ គឺជាបទប្បញ្ញត្តិផ្លូវចិត្តដែលធ្វើឱ្យមនុស្សមានការពិចារណាទៅលើអាកប្បកិរិយា ស្របទៅតាមសង្គមទទួលស្គាល់ថាអ្វីល្អ អ្វីអាក្រក់។ វាជាតម្លៃផ្លូវចិត្ត កើតចេញពីមនសិការខាងក្នុង ដែលណែនាំឱ្យមនុស្សដឹងពីអំពើអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើនៅក្នុងសង្គមរស់នៅ។
  • អភិសមាចារ៖ គឺជាលទ្ធផលនៃអាកប្បកិរិយាដែលបង្ហាញឱ្យឃើញពីមាយាទល្អក្រៃលែង ដែលសង្គមទទួលស្គាល់ និងឱ្យតម្លៃ។ ក្នុងន័យវិជ្ជាជីវៈ អភិសមាចារគឺជាក្បួនច្បាប់ វិន័យ បទដ្ឋាន និងរបៀបរបបនៃការប្រព្រឹត្តប្រតិបត្តិជាក់ស្តែងខាងក្រៅដែលកំណត់ចងកាតព្វកិច្ចសម្រាប់បុគ្គលិក ឬមន្ត្រីក្នុងវិជ្ជាជីវៈនីមួយៗត្រូវតែអនុវត្តតាមជាដាច់ខាត។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅអភិសមាចារនគរបាល ទំព័រទី ៩ និងទី ១៤
សំណួរ ៤១
តើក្រមសីលធម៌វិជ្ជាជីវៈមានគោលការណ៍ សំខាន់ៗអ្វីខ្លះ? ចូររៀបរាប់។
គោលការណ៍គ្រឹះសំខាន់ៗនៃក្រមសីលធម៌វិជ្ជាជីវៈមានចំនួន ៨ គោលការណ៍ គឺ៖
  1. គោលការណ៍សុចរិតភាព៖ ភាពស្មោះត្រង់ មិនពុករលួយ មិនកេងប្រវ័ញ្ច។
  2. គោលការណ៍ទទួលខុសត្រូវ៖ មានការទទួលខុសត្រូវខ្ពស់លើរាល់សកម្មភាព និងការសម្រេចចិត្តរបស់ខ្លួន។
  3. គោលការណ៍គោរពច្បាប់ និងបទបញ្ជា៖ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់រដ្ឋ និងបទបញ្ជាផ្ទៃក្នុង។
  4. គោលការណ៍គោរពសិទ្ធិ និងឯករាជ្យភាពមនុស្ស៖ មិនរំលោភបំពានសិទ្ធិសេរីភាព និងតម្លៃរបស់បុគ្គល។
  5. គោលការណ៍យុត្តិធម៌៖ ប្រកាន់ជំហរឥតលម្អៀង ស្មើភាពគ្នាចំពោះមុខច្បាប់។
  6. គោលការណ៍រក្សាការសម្ងាត់៖ រក្សាការសម្ងាត់វិជ្ជាជីវៈ និងព័ត៌មានសម្ងាត់រដ្ឋមិនឱ្យបែកធ្លាយ។
  7. គោលការណ៍ជំនាញវិជ្ជាជីវៈ៖ មានសមត្ថភាព ចំណេះដឹង និងភាពប៉ិនប្រសប់ក្នុងការងារ។
  8. គោលការណ៍សេវាកម្មដល់សាធារណៈ៖ បម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ និងរហ័សទាន់ចិត្ត។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅអភិសមាចារនគរបាល ទំព័រទី ២៨ និងទី ២៩
សំណួរ ៤២
ចូររៀបរាប់គោលការណ៍នៃអភិសមាចារក្នុងវិជ្ជាជីវៈឪ្យបានលម្អិត។
គោលការណ៍នៃអភិសមាចារក្នុងវិជ្ជាជីវៈរួមមាន៖
  • ១. គោលការណ៍នៃយុត្តិធម៌៖ ការប្រព្រឹត្តប្រកបដោយភាពត្រឹមត្រូវ គ្មានការរើសអើង ផ្តល់យុត្តិធម៌ដល់គ្រប់ភាគី។
  • ២. គោលការណ៍នៃសុចរិតភាព និងសេចក្តីស្មោះត្រង់៖ ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងអង្គភាព។
  • ៣. គោលការណ៍នៃភាពទទួលខុសត្រូវ៖ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ និងអង្គភាព។
  • ៤. គោលការណ៍តម្លាភាព៖ អនុវត្តការងារច្បាស់លាស់ អាចផ្ទៀងផ្ទាត់ និងត្រួតពិនិត្យបានតាមនីតិវិធី។
  • ៥. គោលការណ៍នៃការគោរពច្បាប់៖ យកច្បាប់ជាគោល មិនប្រើប្រាស់អំណាចហួសដែនសមត្ថកិច្ច។
  • ៦. គោលការណ៍នៃការគោរពសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៖ មិនធ្វើទារុណកម្ម មិនប្រមាថមើលងាយដល់ជនសង្ស័យ ឬជនរងគ្រោះ។
  • ៧. គោលការណ៍នៃការប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងការអត់ធ្មត់៖ មានឥរិយាបថសុភាពរាបសារ អត់ធ្មត់ចំពោះការញុះញង់ និងរក្សាកិត្តិយសកងកម្លាំង។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅអភិសមាចារនគរបាល ទំព័រទី ១០
១៥- មេរៀនលំហាត់របៀប ៦ សំណួរ
សំណួរ ៤៣
តើឋានានុក្រមរបស់នគរបាលជាតិកម្ពុជា មានប៉ុន្មានប្រភេទ? អ្វីខ្លះ?ហើយឋានន្តរសក្តិរបស់កងកម្លាំងនគរបាលជាតិបែងចែកជាប៉ុន្មានថ្នាក់? អ្វីខ្លះ? ចូររៀបរាប់។
១. ឋានានុក្រមរបស់មន្ត្រីនគរបាលជាតិ មាន ៤ ប្រភេទ គឺ៖
  1. នាយនគរបាលថ្នាក់ឧត្តមសេនីយ៍
  2. នាយនគរបាលជាន់ខ្ពស់
  3. នាយនគរបាល
  4. នាយនគរបាលរង

២. ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបែងចែកជា ១៦ ថ្នាក់ស័ក្តិ គឺ៖
  • ១. នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ (៤ ថ្នាក់)៖ នាយឧត្តមសេនីយ៍, ឧត្តមសេនីយ៍ឯក, ឧត្តមសេនីយ៍ទោ, ឧត្តមសេនីយ៍ត្រី។
  • ២. នាយនគរបាលជាន់ខ្ពស់ (៣ ថ្នាក់)៖ វរសេនីយ៍ឯក, វរសេនីយ៍ទោ, វរសេនីយ៍ត្រី។
  • ៣. នាយនគរបាល (៤ ថ្នាក់)៖ អនុសេនីយ៍ឯក, អនុសេនីយ៍ទោ, អនុសេនីយ៍ត្រី, នាយចំណង់។
  • ៤. នាយនគរបាលរង (៥ ថ្នាក់)៖ ព្រិន្ទបាលឯក, ព្រិន្ទបាលទោ, ពលបាលឯក, ពលបាលទោ, ពលបាលត្រី។
ប្រភពយោង៖ ដកស្រង់ពីឯកសារជំនួយស្មារតីប្រឡងបញ្ចប់ ទំព័រទី ១/៧
សំណួរ ៤៤
តើលំហាត់របៀបគឺជាអ្វី?ការអនុវត្តកាយវិការលំហាត់របៀបបានល្អ បានឆ្លុះបញ្ចាំងនិងបង្ហាញអ្វីខ្លះ?ដល់កងកម្លាំងនគរបាលជាតិ?
  • និយមន័យ៖ លំហាត់របៀប គឺជាកាយវិការមូលដ្ឋាន ហ្វឹកហាត់ដំបូង ទាក់ទងទៅនឹងការសម្រាក ប្រុង ឆ្វេងបែរ ស្តាំបែរ ក្រោកឈរ និងអង្គុយចុះ ដែលមន្ត្រីនគរបាលជាតិគ្រប់រូបត្រូវតែចេះដឹង ដើម្បីឈានទៅអនុវត្តកាយវិការផ្សេងៗទៀតឱ្យមានការឯកភាពគ្នានៅក្នុងលំហាត់របៀប។
  • ការឆ្លុះបញ្ចាំង៖ ការអនុវត្តកាយវិការលំហាត់របៀបបានល្អ គឺមិនត្រឹមតែបានឆ្លុះបញ្ចាំងអំពីក្រឹត្យក្រមក្បួនខ្នាតនៃការហ្វឹកហាត់ដ៏ជាក់លាក់ប៉ុណ្ណោះទេ គឺថែមទាំងបានបង្ហាញអំពីការគោរពវិន័យ ភាពស្វាហាប់របស់កងកម្លាំង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព ឧត្តមភាព របស់កងកម្លាំងនគរបាលជាតិថែមទៀតផង។
ប្រភពយោង៖ ដកស្រង់ពីសៀវភៅគោលលំហាត់របៀប ទំព័រទី ១ និងទី ២
សំណួរ ៤៥
ចូរសរសេរអំពីខ្លឹមសាររាយការណ៍ជូនគ្រូ ពេលចាប់ផ្តើមចូលថ្នាក់រៀន?ដោយលើកឧទាហរណ៍ឈ្មោះគ្រូមកបញ្ជាក់ឪ្យបានក្បោះក្បាយ។បញ្ជាក់សរសេររាយការណ៍តែពេលដំបូងតែប៉ុណ្ណោះ។
ដើម្បីរាយការណ៍ជូនគ្រូ ពេលចាប់ផ្តើមមាន ៣ ឋានានុក្រម គឺ៖
  • «តាមកន្លែងរៀងខ្លួនគោរព» (សម្រាប់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍)
  • «តាមកន្លែងគោរព» (សម្រាប់នាយនគរបាលជាន់ខ្ពស់)
  • «គោរព» (សម្រាប់នាយនគរបាល)

ឧទាហរណ៍ជាក់ស្តែង (ឧទាហរណ៍ឈ្មោះគ្រូ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី យ៉ែម សារ៉ាវុធ)៖
«អស់លោក លោកស្រី តាមកន្លែងរៀងខ្លួនគោរព! ខ្ញុំបាទ [ឈ្មោះ...] ជាសិស្សវគ្គមូលដ្ឋានវិជ្ជាជីវៈនគរបាលជំនាន់ទី ២០ លើកទី ១ សូមគោរពរាយការណ៍ជូន ឯកឧត្តម ឧត្តមសេនីយ៍ត្រី យ៉ែម សារ៉ាវុធ គ្រូនគរបាលជាតិជាទីគោរព វត្តមានសិក្ខាកាមសរុប ចំនួន......នាក់ នារី......នាក់ បង្ហាញមុខជាក់ស្តែង......នាក់ អវត្តមាន......នាក់ បាទ/ចាសទាន។
ខ្ញុំបាទ/នាងខ្ញុំ សូមគោរពទទួលបញ្ជា អស់លោកលោកស្រី អង្គុយចុះ!»
សំណួរ ៤៦
តើកាយវិកាយត្រលប់ក្រោយបែរគ្មានអាវុធមានពាក្យបញ្ជាប៉ុន្មាន?អ្វីខ្លះ?ក្រោយពេលស្តាប់បានពាក្យបញ្ហា” អនុវត្តចប់” តើសិស្សនគរបាលត្រូវអនុវត្តកាយវិការមានប៉ុន្មានដំណាក់កាល? អ្វីខ្លះ? ចូររៀបរាប់។
១. ពាក្យបញ្ជា៖ កាយវិការត្រឡប់ក្រោយបែរគ្មានអាវុធ មានពាក្យបញ្ជាចំនួន គឺ បញ្ជាប្រុងប្រៀប («ត្រឡប់ក្រោយ-») និង អនុវត្ត («-បែរ!»)។

២. ដំណាក់កាលអនុវត្ត (មាន ៣ ដំណាក់កាល)៖
  • ដំណាក់កាលទី ១៖ ក្នុងជំហរឈរប្រុង ជើងឆ្វេងជាគោល បោះជើងស្តាំទៅក្រោយកែងជើងឆ្វេងប្រវែង ២០ ស.ម ដោយគិតពីកែងជើងទាំងពីរ ទម្ងន់ដងខ្លួនត្រូវធ្លាក់ទៅជើងស្តាំ។
  • ដំណាក់កាលទី ២៖ បង្វិលដងខ្លួនស្មើមុំ ១៨០ អង្សា ពីឆ្វេងទៅស្តាំ ដោយកែងជើងទាំងពីរ។
  • ដំណាក់កាលទី ៣៖ ទាញជើងស្តាំមកផ្តុំនឹងជើងឆ្វេង រក្សាជំហរឈរប្រុង។
សំណួរ ៤៧
តើករណីពិសេសណាខ្លះដែលមិនចាំបាច់គោរពគំនាប់?ចូររៀបរាប់
ករណីពិសេសមួយចំនួន ដែលមន្ត្រីនគរបាលជាតិមិនចាំបាច់គោរពគំនាប់ រួមមាន៖
  • ពេលកំពុងធ្វើដំណើរដោយកង់ ម៉ូតូ រថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងទៀត
  • ពេលកំពុងបញ្ជាចរាចរណ៍
  • ពេលកំពុងសង្គ្រោះបន្ទាន់
  • ពេលកំពុងការពារកន្លែងកើតហេតុ
  • ពេលកំពុងពន្លត់អគ្គិភ័យ
  • ពេលកំពុងប្រតិបត្តិការតាមចាប់ជនល្មើសជាក់ស្តែង
  • ពេលកំពុងបំពេញភារកិច្ចផ្នែកសន្តិសុខតម្រូវឱ្យបែរមុខទៅរកសាធារណជន ឬទិសដៅបានកំណត់
  • ពេលកំពុងបំពេញភារកិច្ចចាំបាច់ដទៃទៀត។
សំណួរ ៤៨
ចូរអធិប្បាយកាយវិការគោរពគំនាប់” គោរពនៅនឹងកន្លែង”សម្រាប់ឯកសណ្ឋានលេខ៦។ បញ្ជាក់បុរសត្រូវសរសេរពីឯកសណ្ឋានបុរសប្រើជាមួយមួយកាសស្តេត រីឯនារីត្រូវសរសេរពីឯកសណ្ឋាននារីប្រើជាមួយមួកសម្បុក
កាយវិការគោរពគំនាប់ “គោរពនៅនឹងកន្លែង” សម្រាប់ឯកសណ្ឋានលេខ ៦ អនុវត្តដូចខាងក្រោម៖
  • បុរស (មួកកាសស្កេត ឬហ្សូកកី)៖ កាយវិការគោរពត្រូវស្ថិតក្នុងជំហរឈរប្រុង ហើយម្រាមដៃស្តាំទាំងប្រាំបិទចូលគ្នា រួចលើកគំនាប់ក្នុងមុំ ៤៥ អង្សាធៀបនឹងដងខ្លួន ឱ្យចុងម្រាមដៃទល់នឹងហាមមួកផ្នែកខាងស្តាំចម្ងាយ ៤ ស.ម ពីឡេវមួក បាតដៃផ្កាប់បញ្ឆិតចុះក្រោមបន្តិច កែងដៃស្តាំលើកស្មើនឹងស្មាស្តាំ។ បន្ទាប់មកត្រូវដាក់ដៃចុះវិញឱ្យបានរហ័សក្នុងមុំ ៤៥ អង្សា ដោយរក្សាជំហរឈរប្រុងដដែល។
  • នារី (មួកប៉េរ៉េ និងមួកសំបុកនារី)៖ កាយវិការគោរពត្រូវស្ថិតក្នុងជំហរឈរប្រុង ហើយម្រាមដៃស្តាំទាំងប្រាំបិទចូលគ្នា រួចលើកគំនាប់ក្នុងមុំ ៤៥ អង្សាធៀបនឹងដងខ្លួន ឱ្យចុងម្រាមដៃទល់នឹងចុងចិញ្ចើមផ្នែកខាងស្តាំ បាតដៃផ្កាប់បញ្ឆិតចុះក្រោមបន្តិច កែងដៃស្តាំលើកស្មើនឹងស្មាស្តាំ។ បន្ទាប់មកត្រូវដាក់ដៃចុះវិញឱ្យបានរហ័សក្នុងមុំ ៤៥ អង្សា ដោយរក្សាជំហរឈរប្រុងដដែល។
១៦- មេរៀនបន្ថែម ( គួរចងចាំ ) ២ សំណួរ
សំណួរ ៤៩
តើនគរបាលយុត្តិធម៌មានបេសកកម្មដូចម្តេចខ្លះដើម្បីបម្រើប្រជាពលរដ្ឋ?
មន្ត្រីនគរបាលយុត្តិធម៌មានបេសកកម្មបម្រើប្រជាពលរដ្ឋដូចជា៖
  • ស៊ើបអង្កេតបទល្មើសជាក់ស្តែង៖ រួមមានបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ក្រោមការដឹកនាំបញ្ជារបស់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងមហាអយ្យការសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ក្នុងថេរវេលា ៤៨ ម៉ោង និង ៧២ ម៉ោង។
  • ការស៊ើបអង្កេតបឋម៖ ក្រោមការដឹកនាំបញ្ជារបស់ចៅក្រមស៊ើបសួរ និងសភាស៊ើបសួរនៃតុលាការជាន់ខ្ពស់សម្រាប់បទល្មើសទាំងអស់។
  • ការចាប់ខ្លួន និងរៀបចំសំណុំរឿង៖ ចាប់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការគ្រប់បទល្មើស និងចាប់តាមដីកាបង្គាប់របស់តុលាការ។
សំណួរ ៥០
ចូលអធិប្បាយអំពីពាក្យដែលថានគរបាលគឺជាកម្លាំងស្នូលនៃការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម?
បានជាគេចាត់ទុកថានគរបាលជាកម្លាំងស្នូលព្រោះ៖
  • ផ្អែកលើច្បាប់៖ នគរបាលមានតួនាទីភារកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
  • រចនាសម្ព័ន្ធរឹងមាំ៖ នគរបាលមានរចនាសម្ព័ន្ធរឹងមាំតាំងពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាន គឺថ្នាក់អគ្គស្នងការដ្ឋាន, នាយកដ្ឋានចំណុះនានា, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, អធិការដ្ឋាននគរបាលក្រុង-ខណ្ឌ-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។
  • ការបណ្តុះបណ្តាល៖ នគរបាលត្រូវបានបណ្តុះបណ្តាលគ្រប់កម្រិតសិក្សា និងគ្រប់ជំនាញ រួមមាន ការបណ្តុះបណ្តាលកម្រិតបឋម កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជំនាញគ្រប់គ្រងដឹកនាំបញ្ជាលើវិស័យសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងវគ្គបំប៉នជំនាញគ្រប់ប្រភេទ សុក្រឹតការ វិក្រឹតការ វគ្គឋានានុក្រម ។ល។
  • បទពិសោធន៍ខ្ពស់៖ មន្ត្រីនគរបាលមានបទពិសោធន៍ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ពីបទល្មើសមួយទៅបទល្មើសមួយ នាំឱ្យមានបទពិសោធន៍កាន់តែច្រើនក្នុងការងារបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
  • ការបំពាក់សម្ភារៈ និងគ្រឿងបំពាក់៖ នគរបាលត្រូវបានបំពាក់សព្វាវុធ និងឧបករណ៍សម្ភារគ្រប់ប្រភេទ ដើម្បីប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការពារព្រំដែន (នគរបាលការពារព្រំដែន)។
🤝 សេចក្តីថ្លែងអំណរគុណ (Acknowledgments) គណៈកម្មការរៀបចំ

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក ឧបត្ថម្ភគាំទ្រ និងខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ ចងក្រង និងរៀបចំកម្រងសំណួរ-ចម្លើយត្រៀមប្រឡងបញ្ចប់នេះឡើង៖

🎖️
RACHNY SOK Contributor / Preparer
🎖️
Seneiso Korn Contributor / Preparer
🎖️
Chanmonirath Vornvann Contributor / Preparer
🎖️
You KimGech Contributor / Preparer